ម៉ាថាយ 13:10-17

ម៉ាថាយ 13:10-17 គកស១៦

ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?» ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប ដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ។ សេចក្ដី​ទំនាយ​របស់​ហោរា​អេសាយ ពិត​ជា​បាន​សម្រេច​នៅ​ក្នុង​អ្នក​ទាំង​នោះ​មែន ដែល​ថា "អ្នក​រាល់​គ្នា​នឹង​ស្ដាប់​មែន តែ​មិន​យល់ ហើយ​ក៏​មើល តែ​មិន​ឃើញ​សោះ។ ដ្បិត​ចិត្ត​របស់​ប្រជា‌ជន​នេះ​បាន​ត្រឡប់​ជា​ស្ពឹក ត្រចៀក​របស់​គេ​ធ្ងន់​ពិបាក​នឹង​ស្ដាប់ ភ្នែក​គេ​បិទ​ក្រែង​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​នៅ​ក្នុង​ចិត្ត រួច​គេ​វិល​បែរ ហើយ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា" ។ តែ​អ្នក​រាល់​គ្នា​វិញ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្តាប់​ឮ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ»។

អាន ម៉ាថាយ 13

វីដេអូសម្រាប់ ម៉ាថាយ 13:10-17