លូកា 7:11-35

លូកា 7:11-35 គកស១៦

ក្រោយ​មក ព្រះ‌អង្គ​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន ហើយ​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។ ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!» អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។ ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។ ពួក​សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ហេតុ‌ការណ៍​ទាំង​នេះ។ ដូច្នេះ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​របស់​លោក​ពីរ​នាក់​មក ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?» កាល​អ្នក​ទាំង​ពីរ​នោះ​មក​ជួប​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត"»? នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡីង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។ កាល​អ្នក​នាំ​សារ​របស់​លោក​យ៉ូហាន​បាន​ចេញ​ទៅ ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​រស់​នៅ​ដោយ​ប្រណិត គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ឯ​ណោះ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​វិសេស​ជាង​ហោរា​ទៅ​ទៀត។ ដ្បិត​គឺ​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​អំពី​គាត់​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​របស់​អ្នក​នៅ​មុខ​អ្នក" ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី​មក គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ អ្នក​នោះ​ធំ​ជាង​គាត់​ហើយ»។ (កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ ប៉ុន្តែ ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ បាន​ច្រាន​ចោល​បំណង​របស់​ព្រះសម្រាប់​ខ្លួន​គេ ដោយ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ពី​លោក)។ «ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? តើ​គេ​ជា​មនុស្ស​ប្រភេទ​ណា? គឺ​គេ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ឯង​មិន​បាន​យំ​សោះ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិ‌ភោគ​នំប៉័ង មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា "គាត់​មាន​អារក្ស​ចូល"។ កូន​មនុស្ស​បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក ហើយ​អ្នក​រាល់​គ្នា​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប"។ ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បង្កើត»។

អាន លូកា 7