លូកា 4:1-22
លូកា 4:1-22 គកស១៦
ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន ព្រះអង្គត្រូវអារក្សល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងថ្ងៃទាំងនោះ ព្រះអង្គមិនបានសោយអ្វីសោះ។ លុះផុតថ្ងៃទាំងនោះទៅ ទ្រង់ក៏ឃ្លាន។ អារក្សទូលព្រះអង្គថា៖ «ប្រសិនបើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងមើល៍»។ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅវាថា៖ «មានសេចក្តីចែងទុកមកថា "មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ" »។ បន្ទាប់មក អារក្សបាននាំព្រះអង្គឡើងទៅកន្លែងមួយខ្ពស់ ហើយបង្ហាញនគរទាំងអស់របស់លោកីយ៍ឲ្យព្រះអង្គឃើញ ក្នុងរយៈពេលមួយដ៏ខ្លី ហើយទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យអំណាច និងសិរីល្អនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំប្រគល់ឲ្យអ្នកណាស្រេចតែនឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក»។ ព្រះយេស៊ូវឆ្លើយទៅវាថា៖ «មានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវបម្រើតែព្រះអង្គមួយប៉ុណ្ណោះ"» ។ បន្ទាប់មក អារក្សបាននាំព្រះអង្គទៅក្រុងយេរូសាឡិម ដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «ប្រសិនបើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមទម្លាក់ខ្លួនពីនេះទៅក្រោមមើល៍ ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក ដើម្បីថែរក្សាអ្នក ហើយទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ ព្រះយេស៊ូវឆ្លើយទៅវាថា៖ «បទគម្ពីរចែងថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ កាលអារក្សបានល្បួងសព្វគ្រប់ហើយ វាក៏ថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស។ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។ ព្រះអង្គបង្រៀននៅក្នុងសាលាប្រជុំរបស់គេ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់គ្នា។ កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់ គាប់ព្រះហឫទ័យ» ។ កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?»

