លូកា 22:1-22
លូកា 22:1-22 គកស១៦
ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។ ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ អារក្សសាតាំងបានចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ។ គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់គាត់។ យូដាសយល់ព្រម ហើយរកឱកាសបញ្ជូនព្រះអង្គទៅឲ្យពួកគេ ពេលណាគ្មានបណ្តាជននៅក្បែរ។ ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។ ដូច្នេះ ព្រះយេស៊ូវបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើងបរិភោគ»។ តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា។ ចូររៀបចំនៅទីនោះចុះ»។ គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។ ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។ ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ មួយទៀត មើល៍! អ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយខ្ញុំដែរ។ កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលបានកំណត់ទុក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលបញ្ជូនខ្ញុំទៅ»។


