លេវីវិន័យ 4:20-35
លេវីវិន័យ 4:20-35 គកស១៦
ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំងពីរ ហើយសង្ឃត្រូវថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចពីទោសហើយ។ បន្ទាប់មក សង្ឃត្រូវយកគោនោះទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាតង្វាយលោះបាបសម្រាប់ក្រុមជំនុំ។ បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាជាព្រះនៃខ្លួនបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ ប្រសិនបើអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោលមួយ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។ សង្ឃត្រូវយកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាតង្វាយដុតនោះ។ ខ្លាញ់ទាំងប៉ុន្មាន ត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចពីទោសហើយ។ បើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ ប្រសិនបើអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញីមួយដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត។ សង្ឃត្រូវយកឈាមដោយម្រាមដៃទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ ខ្លាញ់ទាំងប៉ុន្មានត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ ។ ប្រសិនបើអ្នកនោះយកចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញីមួយដែលល្អឥតខ្ចោះ ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។ សង្ឃត្រូវឲ្យម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ ខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយសង្ឃត្រូវដុតនៅលើអាសនា តាមរបៀបតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចពីទោសហើយ»។


