លេវី‌វិន័យ 4:1-12

លេវី‌វិន័យ 4:1-12 គកស១៦

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទនោះ​ឯង។ ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។ ត្រូវ​យក​គោ​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ សង្ឃ​ត្រូវ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម រលាស់​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​មុខ​វាំង‌នន​ទី​បរិសុទ្ធ។ សង្ឃ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ ឯ​ខ្លាញ់​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង ដូច​ជា​បាន​យក​ចេញ​ពី​គោ​ដែល​ថ្វាយ​ជា​តង្វាយ​មេត្រី​ដែរ រួច​សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា​តង្វាយ​ដុត។ ប៉ុន្តែ ស្បែក​គោ​នោះ និង​សាច់​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ជើង អាការៈ​ខាង​ក្នុង និង​លាមក គឺ​តួ​គោ​នោះ​ទាំង​មូល ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​នៅ​ត្រង់​កន្លែង​ស្អាត​ដែល​ចាក់​ផេះ ហើយ​ដុត​នៅ​លើ​ឧស​ត្រង់​កន្លែង​ដែល​ចាក់​ផេះ​នោះ។