លេវី‌វិន័យ 23:23-32

លេវី‌វិន័យ 23:23-32 គកស១៦

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​ទីប្រាំពីរ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​សោះ​ឡើយ តែ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នៅ​ថ្ងៃ​ដប់​ក្នុង​ខែ​ទីប្រាំពីរ​នេះ ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សម្រាប់​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​សាសន៍​របស់​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។ ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​ប្រាំបួន​ខែ​នោះ ចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​អ្នក»។