លេវីវិន័យ 16:14-30
លេវីវិន័យ 16:14-30 គកស១៦
គាត់ត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើតនៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់ប្រាំពីរដងដែរ។ អើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ប្រជាជន ហើយយកឈាមចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ។ ដូច្នេះ គាត់បានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងអំពើរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយគេ គឺនៅកណ្ដាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្សក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង រួចលោកត្រូវចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់ប្រាំពីរដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាតឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។ កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែមួយដែលនៅរស់នោះមក។ រួចដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួពីអស់ទាំងអំពើទុច្ចរិត និងអស់ទាំងអំពើរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅទីរហោស្ថាន។ ឯពពែនោះត្រូវផ្ទុកអស់ទាំងអំពើទុច្ចរិតរបស់គេ លើខ្លួនចេញទៅតំបន់ស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។ បន្ទាប់មក អើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសម្លៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ គាត់ត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន និងពួកជនផង។ ឯខ្លាញ់នៃតង្វាយលោះបាប នោះត្រូវដុតនៅលើអាសនា ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ ឯគោឈ្មាលនៃតង្វាយលោះបាប និងពពែនៃតង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ។ អ្នកណាដែលដុតសត្វទាំងពីរនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃទីដប់ ខែទីប្រាំពីរនោះ អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្ដាលអ្នករាល់គ្នាផង។ ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងអ្នករាល់គ្នា ដើម្បីញែកចេញជាស្អាត នោះអ្នករាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា


