ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាច ហើយកុំស្រយុតចិត្តឡើយ ចូរក្រោកឡើង នាំយកពួកអ្នកច្បាំងទាំងអស់ទៅជាមួយ ហើយឡើងទៅក្រុងអៃយចុះ។ មើល៍ យើងបានប្រគល់ស្តេចក្រុងអៃយ ប្រជាជន ទីក្រុង និងស្រុករបស់ស្តេច មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។ ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងអស់គ្នា ក៏នាំគ្នាឡើងទៅក្រុងអៃយ ហើយលោកបានជ្រើសរើសពួកអ្នកខ្លាំងពូកែដ៏អង់អាចចំនួនបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។ រីឯខ្ញុំ និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាគេចេញមកច្បាំងនឹងយើងដូចលើកមុន នោះយើងនឹងរត់នៅមុខពួកគេ។ ដូច្នេះ ពួកគេនឹងចេញមកដេញតាមយើង រហូតទាល់តែយើងបានទាក់ទាញពួកគេឲ្យចេញឆ្ងាយពីទីក្រុង ដ្បិតពួកគេនឹងគិតថា ពួកយើងបាក់ទ័ពរត់នៅមុខពួកគេ ដូចលើកមុនទៀត។ ដូច្នេះ ពេលយើងរត់នៅមុខពួកគេ នោះអ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងដែលបង្កប់ខ្លួន ហើយចូលទៅចាប់យកទីក្រុង ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នក។ កាលណាអ្នករាល់គ្នាយកទីក្រុងបានហើយ ត្រូវដុតទីក្រុងនោះឲ្យឆេះឡើង។ អ្នករាល់គ្នាត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ មើល៍ ខ្ញុំបានបង្គាប់អ្នករាល់គ្នាហើយ»។ ដូច្នេះ លោកយ៉ូស្វេក៏ចាត់ពួកគេឲ្យចេញទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន ត្រៀមនៅចន្លោះរវាងក្រុងបេត-អែល និងក្រុងអៃយ គឺនៅខាងលិចក្រុងអៃយ ប៉ុន្ដែ យប់នោះ លោកយ៉ូស្វេសម្រាកក្នុងជំរំ ។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ប្រមូលផ្ដុំទ័ព រួចចេញទៅជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នាំមុខប្រជាជនទៅក្រុងអៃយ។ ពួកអ្នកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយលោក ឡើងចូលទៅជិត នៅខាងមុខទីក្រុង រួចគេបោះទ័ពនៅជាខាងជើងក្រុងអៃយ ហើយមានជ្រលងភ្នំនៅចន្លោះពួកគេ និងក្រុងអៃយ។ លោកបានយកមនុស្សប្រមាណប្រាំពាន់នាក់ ហើយដាក់គេឲ្យបង្កប់ខ្លួននៅចន្លោះក្រុងបេត-អែល និងក្រុងអៃយ ពីខាងលិចទីក្រុង។ ដូច្នេះ គេក៏បានបោះទ័ពតាមកន្លែងរៀងខ្លួន គឺទីតាំងទ័ពធំដែលនៅខាងជើងទីក្រុង និងកម្លាំងការពារទ័ពជួរខាងក្រោយ នៅខាងលិចទីក្រុង។ យប់នោះ លោកយ៉ូស្វេស្នាក់នៅកណ្ដាលជ្រលងភ្នំ។ កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។ ឯលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ គេធ្វើដូចជាចាញ់នៅមុខពួកគេ ហើយរត់តម្រង់ទៅទីរហោស្ថាន។ ដូច្នេះ ពួកគេក៏ហៅប្រជាជនដែលនៅក្នុងក្រុងទាំងអស់ ឲ្យប្រមូលគ្នាមកដេញតាមទ័ពអ៊ីស្រាអែល ហើយពេលពួកគេដេញតាមលោកយ៉ូស្វេ ពួកគេត្រូវឃ្លាតឆ្ងាយពីទីក្រុង។ នៅក្នុងក្រុងអៃយ និងក្រុងបេត-អែល គ្មានសេសសល់អ្នកណាម្នាក់ ដែលមិនបានចេញទៅដេញតាមពួកអ៊ីស្រាអែលឡើយ។ ពួកគេទុកទីក្រុងឲ្យនៅចំហ ហើយដេញតាមពួកអ៊ីស្រាអែល។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។ កាលលោកលើកដៃឡើង ពួកទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនជាប្រញាប់ សម្រុកចូលទៅចាប់យកទីក្រុង ហើយប្រញាប់ប្រញាល់ដុតទីក្រុងនោះភ្លាម។ ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។ កាលលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ឃើញថា ទ័ពឆ្មក់ចាប់យកទីក្រុងបានហើយ ហើយមានផ្សែងហុយឡើងដូច្នេះ គេក៏បកក្រោយ វាយប្រហារពួកក្រុងអៃយវិញ។ ទ័ពឆ្មក់ដែលដុតទីក្រុងក៏ចេញមកទាស់នឹងទ័ពរបស់ក្រុងអៃយដែរ គឺគេស្ថិតនៅកណ្ដាលពួកអ៊ីស្រាអែល ដែលខ្លះវាយផ្ទប់ពីខាងណេះ ខ្លះវាយផ្ទប់ពីខាងណោះ។ ពួកអ៊ីស្រាអែលបានប្រហារពួកគេរហូតទាល់តែស្លាប់អស់គ្មានសល់ ក៏គ្មានអ្នកណាម្នាក់រត់រួចឡើយ។
អាន យ៉ូស្វេ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 8:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ