យ៉ូស្វេ 3:7-13

យ៉ូស្វេ 3:7-13 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​លើក​តម្កើង​អ្នក នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​នៅ​ជា​មួយអ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ រីឯ​អ្នក ត្រូវ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញាថា "កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​ស្ងៀម​នៅ​ក្នុង​ទន្លេ​យ័រ​ដាន់"»។ ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មកណេះ ហើយ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ មើល៍ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់នៃ​ផែន‌ដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់។ ដូច្នេះ ចូរ​រើស​យក​មនុស្ស​ដប់ពីរ​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗត្រូវ​រើស​យក​ម្នាក់។ កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​យ័រ​ដាន់​នឹង​ត្រូវ​កាត់​ផ្តាច់​លែង​ហូរ ហើយ​ទឹក​ដែល​ហូរ​ចុះ​ពី​លើមក នឹង​បង្គរ​ឡើង​ជា​គំនរ»។

អាន យ៉ូស្វេ 3