យ៉ូស្វេ 3:7-13
យ៉ូស្វេ 3:7-13 គកស១៦
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមលើកតម្កើងអ្នក នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា យើងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ រីឯអ្នក ត្រូវបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញាថា "កាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ ត្រូវចុះទៅឈរស្ងៀមនៅក្នុងទន្លេយ័រដាន់"»។ ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។ មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។

