យ៉ូស្វេ 14:6-15

យ៉ូស្វេ 14:6-15 គកស១៦

គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។ កាល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ ហើយ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ រាយការណ៍​ជូន​លោក​ដោយ​ស្មោះ​ត្រង់។ ប៉ុន្តែ បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ប្រជា‌ជនបាក់​ទឹក​ចិត្ត តែ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​ស្បថ​ថា "ដី​ដែល​ជើង​របស់​អ្នក​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មត៌ក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​រហូត​ត​ទៅ ព្រោះ​អ្នក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត"។ ឥឡូវ​នេះ មើល៍ ព្រះ‌យេហូវ៉ា​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​សែសិប​ប្រាំ​ឆ្នាំ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះមក​កាន់​លោក​ម៉ូសេ កាល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​ឆ្នាំ​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​កាល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ គឺ​ឥឡូវ​នេះ ខ្ញុំ​នៅ​មាន​កម្លាំង ដូច​នៅ​ពេល​នោះដែរ ល្មម​នឹង​ច្បាំង ទាំង​ចេញ​ទៅ ហើយ​ចូល​មក​វិញ​ផង។ ដូច្នេះ សូម​ប្រគល់​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​ថ្ងៃ​នោះ​ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ទាំង​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​រឹង​មាំ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ​ចេញ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មិន​ខាន»។ ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។ ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មត៌ក​របស់​លោក​កាលែប ជា​កូន​លោក​យេភូនេ ដែល​ជា​ពួក​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះលោក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត់-អើបា (អើបា​នេះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ចំណោមពួក​សាសន៍​អ័ណាក់)។ ចាប់​ពី​នោះ​មក ស្រុកទេស​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។

អាន យ៉ូស្វេ 14