យ៉ូអែល 2:1-7

យ៉ូអែល 2:1-7 គកស១៦

ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង! ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក ហើយ​ងងឹត​យ៉ាង​ក្រាស់! មានសាសន៍​មួយ​ធំ ហើយ​ខ្លាំង​ពូកែចូល​មក ដូច​ពន្លឺ​ថ្ងៃ​ដែល​ទើប​នឹង​រះ​លាតត្រដាង​លើ​ភ្នំ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​នៅ​ពេល​ខាង​មុខ គ្រប់​ជំនាន់​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។ មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។ រូប​រាង​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ ហើយ​គេ​រត់​ដូច​ជា​សេះ​ចម្បាំង។ គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។ សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។ គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។

អាន យ៉ូអែល 2