កូនចៅរបស់គេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ ពួកគេត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ។ ឯផលចម្រូតរបស់គេ ពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ។ ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ មនុស្សកើតមកតែងមានសេចក្ដីវេទនា ដូចជាផ្កាភ្លើង ដែលហើរទៅលើ។ ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ។ ដែលព្រះអង្គធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។ ព្រះអង្គបង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយតម្កើងមនុស្សដែលក្រំក្នុងចិត្តឲ្យបានសុខ។ ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។ ព្រះអង្គចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។ អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់។ ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។ យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយអំពើទុច្ចរិតត្រូវបិទមាត់ទៅ។ មើល៍! សប្បាយហើយអ្នកណា ដែលព្រះបានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាល របស់ព្រះដ៏មានព្រះចេស្តា ឡើយ។ ដ្បិតព្រះអង្គធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ព្រះអង្គវាយកម្ទេច ហើយព្រះហស្តរបស់ព្រះអង្គ ក៏មើលឲ្យជាឡើងវិញ។ ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។ នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក ឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាម ឲ្យរួចពីអំណាចដាវផង។ អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។ អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង។ ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្តនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ។ អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ។ អ្នកនឹងឃើញពូជពង្សអ្នកចម្រើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងមរណភាពទៅ ឧបមាដូចជាកណ្ដាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល។ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់ មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។
អាន យ៉ូប 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 5:4-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ