យ៉ូប 28:1-22

យ៉ូប 28:1-22 គកស១៦

ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មានកន្លែង​ដែល​រក​បាន​មាស សម្រាប់​យក​ទៅ​សម្រង់ ឯ​ដែក​គេ​យក​ពី​ដី​មក។ ហើយ​ទង់​ដែង គេ​រំលាយ​មក​ពី​ថ្ម ពួក​អ្នក​ជីក​រ៉ែ កម្ចាត់​សេចក្ដី​ងងឹត​ចេញ ហើយ​ស្វែង​រក​ថ្ម​លាក់​កំបាំង​ក្នុង​ទី​ងងឹត​សូន្យ‌សុង រហូត​ដល់​ទី​ជ្រៅ​បំផុត គេ​ជីក​រន្ធ​នៅ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​មនុស្ស ជើង​មនុស្ស​ដើរ​ពី​លើ​ឥត​មាន​ដឹង​ឡើយ គេ​ត្រូវ​សម្រូត​ចុះ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាតិ ហើយ​ក៏​រត់​ទៅ​រត់​មក​នៅ​ទី​នោះ។ ពី​ក្នុង​ដី​នោះ ក៏​កើត​មាន​ជា​អាហារ ហើយ​នៅ​ខាង​ក្រោម ក៏​ត្រឡប់‌ដូច​ជា​ត្រូវ​ភ្លើង​ឆេះ។ ក្នុង​ថ្ម​ទាំង​នោះ​ជា​កន្លែង​មាន​ត្បូង​កណ្តៀង ហើយ​ក៏​មាន​ផង់​មាស​ដែរ។ ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង។ អស់​ទាំង​សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​បាន​ចូល ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះដែរ។ មនុស្ស​លូក​ដៃ​ទៅក្នុង​ថ្ម​រឹង ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ។ គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់ ដែល​មាន​តម្លៃ គេ​ទប់​ប្រភព​ទឹក​មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។ ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​នៅ​ឯ​ណា​បាន? ហើយ តើ​ការ​យល់​ដឹង​នៅ​កន្លែង​ណា? មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង ស្ថាន​របស់​មនុស្ស​រស់​ដែរ។ ទី​ជម្រៅ​ពោល​ថា "មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ" ហើយ​សមុទ្រ​ក៏​ថា "មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ"។ មិន​អាច​ទិញ​ដោយ​មាស​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ។ មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។ មាស និង​ពេជ្រ មិន​អាច​ផ្ទឹម​ស្មើ​បាន ឬ​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ។ មិន​បាច់​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត។ ត្បូង​ទោបុ័ត​ពី​ស្រុក​អេធី‌យ៉ូពី ក៏​មិន​ស្មើ​ផង ហើយ​តម្លៃ​នោះ​ក៏​រាប់​ដោយ​មាស​មិន​បាន។ ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា? ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា? ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ។ ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា "ត្រចៀក​របស់​យើង បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។

អាន យ៉ូប 28