ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានកន្លែងដែលរកបានមាស សម្រាប់យកទៅសម្រង់ ឯដែកគេយកពីដីមក។ ហើយទង់ដែង គេរំលាយមកពីថ្ម ពួកអ្នកជីករ៉ែ កម្ចាត់សេចក្ដីងងឹតចេញ ហើយស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ។ ពីក្នុងដីនោះ ក៏កើតមានជាអាហារ ហើយនៅខាងក្រោម ក៏ត្រឡប់ដូចជាត្រូវភ្លើងឆេះ។ ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ។ ផ្លូវច្រកនោះគ្មានសត្វហើរណា ដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង។ អស់ទាំងសត្វដ៏ខ្លាំងពូកែមិនដែលបានចូល ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះដែរ។ មនុស្សលូកដៃទៅក្នុងថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើ។ គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ ដែលមានតម្លៃ គេទប់ប្រភពទឹកមិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។ ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកនៅឯណាបាន? ហើយ តើការយល់ដឹងនៅកន្លែងណា? មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុង ស្ថានរបស់មនុស្សរស់ដែរ។ ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ" ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។ មិនអាចទិញដោយមាសបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។ មាស និងពេជ្រ មិនអាចផ្ទឹមស្មើបាន ឬប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។ មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។ ត្បូងទោបុ័តពីស្រុកអេធីយ៉ូពី ក៏មិនស្មើផង ហើយតម្លៃនោះក៏រាប់ដោយមាសមិនបាន។ ដូច្នេះ តើប្រាជ្ញាមកពីណា? ហើយទីកន្លែងរបស់យោបល់នៅឯណា? ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យ សត្វហើរលើអាកាសឃើញឡើយ។ ស្ថានវិនាស និងស្ថានស្លាប់ពោលថា "ត្រចៀករបស់យើង បានគ្រាន់តែឮនិយាយប៉ុណ្ណោះ"។
អាន យ៉ូប 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 28:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ