មានថ្ងៃមួយ ពេលដែលពួកកូនព្រះ បានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំង ក៏មកនៅក្នុងចំណោមគេដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងទូលឆ្លើយថា៖ «មកពីដើរចុះឡើងទៅមកនៅផែនដី»។ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតគ្មានអ្នកណាមួយនៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី ដូច្នេះ ចូរព្រះអង្គគ្រាន់តែលូកព្រះហស្ត ទៅពាល់របស់គាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្រ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «មើល៍! យើងប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ» ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ។ មានមួយថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជម្រាបលោកយ៉ូបថា៖ «កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សម្លាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំមួយទេ ដែលបានរត់រួច មកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម និងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួចមកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា៖ «ពួកសាសន៍ខាល់ដេ បានចែកគ្នាជាបីកង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំមួយទេ ដែលរត់រួចមកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។ នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពោលថា៖ «ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាបានប្រទានមក ហើយព្រះអង្គក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។ ក្នុងគ្រប់សេចក្ដីទាំងនោះ លោកយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
អាន យ៉ូប 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 1:6-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ