យ៉ូហាន 21:9-19
យ៉ូហាន 21:9-19 គកស១៦
ពេលគេបានឡើងទៅលើគោកហើយ គេឃើញរងើកភ្លើង មានទាំងត្រីអាំងនៅពីលើ និងមាននំបុ័ងដែរ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរយកត្រីខ្លះ ដែលអ្នករាល់គ្នាទើបនឹងចាប់នោះមក!»។ ដូច្នេះ ស៊ីម៉ូន-ពេត្រុសចុះទៅក្នុងទូក ទាញអួនដាក់លើគោក បានត្រីធំៗមួយរយហាសិបបី ហើយទោះបើមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ព្រះយេស៊ូវមានព្រះបន្ទូលហៅគេថា៖ «ចូរមកពិសាសិន» ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរព្រះអង្គថា «តើអ្នកជានរណា?» ទេ ព្រោះគេដឹងថាជាព្រះអម្ចាស់ហើយ។ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ។ នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញ បន្ទាប់ពីមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅក្មេងនៅឡើយ អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយដើរទៅណាតាមតែចិត្តអ្នកចង់។ លុះពេលអ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតនឹងក្រវាត់ចង្កេះឲ្យអ្នកវិញ ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទៀត»។ (ព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះ បង្ហាញពីបែបយ៉ាងណាដែលគាត់ត្រូវស្លាប់ ដើម្បីលើកតម្កើងព្រះ)។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»។

