យ៉ូហាន 1:15-51

យ៉ូហាន 1:15-51 គកស១៦

លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។ យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ មក​ពី​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។ កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ គឺ​លោក​ប្រាប់​តាម​ត្រង់ ឥត​លាក់​លៀម​អ្វី​ឡើយ គឺ​លោក​ប្រកាស​ប្រាប់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ»។ គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។ ដូច្នេះ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ? តើ​លោក​មាន​ប្រសាសន៍​ដូច​ម្តេច​អំពី​ខ្លួន​លោក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​នាំ​ពាក្យ​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង?» លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់" ដូច​ហោរា​អេសាយ​បាន​ថ្លែង​ទុក»។ ឯ​ពួក​អ្នក​ដែល​គេ​ចាត់​ឲ្យ​មក ជា​ពួក​ផារិ‌ស៊ី​នោះ​វិញ គេ​សួរ​លោក​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលី‌យ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?» លោក​យ៉ូហាន​ឆ្លើយ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។ ការ​នេះ​កើត​មក​នៅ​ភូមិ​បេថា‌នី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។ លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក! គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ក្រោយ​ខ្ញុំ​មាន​មួយ​អង្គ​យាង​មក ដែល​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"។ ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​នេះ គឺ​ដើម្បី​សម្តែង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។ លោក​យ៉ូហាន​ធ្វើ​បន្ទាល់​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ ដូច​ជា​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។ ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ ប៉ុន្តែ ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ"។ ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន»។ លុះ​ស្អែក​ឡើង​ទៀត លោក​យ៉ូហាន​ឈរ​ជា​មួយ​សិស្ស​របស់​លោក​ពីរ​នាក់ ហើយ​ពេល​លោក​តាម​មើល​ព្រះ‌យេស៊ូវ​យាង​កាត់​តាម​នោះ លោក​ពោល​ឡើង​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ!» សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។ ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។ ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​ដើរ​តាម​ព្រះ‌អង្គ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​ស៊ីម៉ូន-ពេត្រុស។ ដំបូង​គាត់​ជួប​ស៊ីម៉ូន​ជា​បង ប្រាប់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ» (ដែល​ប្រែ​ថា ព្រះ‌គ្រីស្ទ)។ គាត់​នាំ​បង​ទៅ​ជួប​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​ទត​មើល​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូហាន តែ​ត្រូវ​ហៅ​ថា កេផាស (ដែល​ប្រែ​ថា ថ្ម)»។ លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ ភីលីព​មក​ពី​ក្រុង​បេត‌សៃ‌ដា ដូច​អន‌ទ្រេ និង​ពេត្រុស​ដែរ។ ភីលីព​បាន​ជួប​ណាថា‌ណែល ហើយ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អង្គ ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ចែង​ពី​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មាន​នាម​ថា យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ជា​បុត្រ​របស់​លោក​យ៉ូសែប»។ ណាថា‌ណែល​តប​ទៅ​គាត់​ថា៖ «តើ​មាន​អ្វី​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ?» ភីលីព​ពោល​ទៅ​គាត់​ថា៖ «ចូរ​មក​មើល​ចុះ!»។ កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ណាថា‌ណែល​ដើរ​សំដៅ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!» ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ? អ្នក​នឹង​ឃើញ​ការ​ធំ​វិសេស​លើស​ជាង​នេះ​ទៅ​ទៀត»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​ពួក​ទេវតា​របស់​ព្រះ​ហោះ​ចុះ​ឡើង​នៅ​ពី​លើកូន​មនុស្ស»។

អាន យ៉ូហាន 1