យេរេមា 15:1-9

យេរេមា 15:1-9 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ បើ​កាល​ណា​គេ​សួរ​អ្នក​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា? ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សម្រាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សម្រាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សម្រាប់​អំណត់ ឲ្យ​គេ​អត់​ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សម្រាប់ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ។ យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។ យើង​នឹង​បោះ​ទៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាណា‌សេ ជា​បុត្រា​ហេ‌សេ‌គា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។ ឱ​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​អ្នក? ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​អ្នក? តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​អ្នក? អ្នក​បាន​បោះ‌បង់​យើង​ហើយ អ្នក​បាន​រាថយ​ចេញ ហេតុ​នោះ​បាន​ជា​យើង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។ យើង​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក យើង​បាន​ធ្វើ​ឲ្យ​បាត់​បង់​កូន​អស់​ទៅ គឺ​យើង​បាន​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ។ យើង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ កាន់​តែ​ច្រើន​ឡើង​នៅ​មុខ​យើង លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត យើង​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ របស់​ពួក​កំលោះៗ​ទាំង​ថ្ងៃ​ត្រង់ យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម។ ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​ប្រាំពីរ​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន​ខ្មាស ហើយ​ជ្រប់​មុខ ឯ​ពួក​ដែល​នៅ​សល់ យើង​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

អាន យេរេមា 15