ពួក​ចៅ‌ហ្វាយ 16:4-20

ពួក​ចៅ‌ហ្វាយ 16:4-20 គកស១៦

បន្ទាប់​ពី​នោះ​មក គាត់​ស្រឡាញ់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ច្រក​ភ្នំ​សូរេក នាង​ឈ្មោះ​ដេលី‌ឡា។ ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​និយាយ​នឹង​នាង​ថា៖ «ចូរ​លួង​លោម​វា ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​កម្លាំង​ខ្លាំង​ក្លា​ដល់​ម៉្លេះ​មក​ពី​ណា ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ឈ្នះ​វា ដើម្បី​ឲ្យ​យើង​ចាប់​ចង បង្ក្រាប​វា​បាន នោះ​យើង​នឹង​ឲ្យ​ប្រាក់​សុទ្ធ​ដល់​នាង ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។ ដូច្នេះ ដេលី‌ឡា​ក៏​ល្បួង​សាំសុន​ថា៖ «សូម​បង​ប្រាប់​ខ្ញុំ​មក តើ​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​បង្ក្រាប​បង​បាន?» សាំសុន​ឆ្លើយ​ទៅ​នាង​ថា៖ «បើ​គេ​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​ក៏​យក​វល្លិ​នោះ​ទៅ​ចង​គាត់។ នៅ​បន្ទប់​ខាង​ក្នុង នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​ចាំ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ ប៉ុន្ដែ គាត់​បណ្ដាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង។ ដូច្នេះ គេ​មិន​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។ ពេល​នោះ ដេលី‌ឡាពោល​ទៅ​កាន់​សាំសុន​ថា៖ «មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ ហើយ​បាន​និយាយ​កុហក​ខ្ញុំ។ សូមបង​ប្រាប់​ខ្ញុំមក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​តប​ទៅ​នាង​ថា៖ «បើ​គេ​យក​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ ដេលី‌ឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​គាត់ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ» (ឯ​មនុស្ស​ដែល​បង្កប់​ខ្លួន សម្ងំ​នៅ​បន្ទប់​ខាង​ក្នុង)។ ប៉ុន្ដែ គាត់​បណ្ដាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ ដូច​គេ​ផ្ដាច់​អំបោះ​មួយ​សរសៃ។ ដេលី‌ឡា​ពោល​ទៅ​សាំសុន​ថា៖ «រហូត​មក​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ហើយ​និយាយ​កុហក​ខ្ញុំ​ដដែល។ ប្រាប់​ខ្ញុំ​មក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​ក្បាល​បង​ទាំង​ប្រាំពីរ​កម្រង ជាប់​ជា​មួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ​ទៅ នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ កាល​សាំ​សុន​កំពុង​ដេក​លក់ ដេលីឡា​ក៏​យក​សក់​ទាំង​ប្រាំ​ពីរ​កម្រង​របស់​គាត់ ក្រង​ជាប់​ជាមួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» ប៉ុន្ដែ គាត់​ភ្ញាក់​ពី​ដេក ទាញ​កន្ត្រាក់​ត្រល់​តម្បាញ កី​តម្បាញ និង​អំបោះ​អន្ទង​ចេញ​អស់។ ពេល​នោះ នាង​ពោល​ទៅ​គាត់​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា "បង​ស្រឡាញ់​អូន"ទៅ​កើត បើ​ចិត្ត​បង​មិន​នៅ​ជា​មួយ​ខ្ញុំ​ផង​នោះ? បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​បី​ដង​ហើយ បង​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះមក​ពី​ណា​សោះ»។ កាល​នាង​ចេះ​តែ​រំអុក​គាត់​ជា​ខ្លាំង ដោយ​ពាក្យ​សម្ដី​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចិត្ត​របស់​គាត់​ព្រួយ​សឹង​តែ​នឹង​ស្លាប់។ គាត់​ក៏​បញ្ចេញ​ប្រាប់​អស់​ពី​ក្នុង​ចិត្ត​ដល់​នាង​ថា៖ «មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​បង​ឡើយ ដ្បិត​បង​ជា​ពួក​ណាសារីត ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក​ម៉្លេះ ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​ថយ​ចេញ​ពី​បង​ទៅ ហើយ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត»។ កាល​ដេលី‌ឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​មក ដោយ​ពាក្យ​ថា៖ «សូម​ឡើង​មក​ម្តង​ទៀត ដ្បិត​គាត់​បាន​ប្រាប់ខ្ញុំ​អស់​ពី​ក្នុង​ចិត្ត​របស់​គាត់​ហើយ»។ ពេល​នោះ ពួក​មេ​លើ​សាសន៍​ភីលី​ស្ទីន​ក៏​ឡើង​មក​ជួប​នាង ទាំង​យក​ប្រាក់​មក​ជាមួយ។ នាង​បាន​ធ្វើឲ្យ​គាត់​ដេក​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​បុរស​ម្នាក់ មក​កោរ​សក់​ទាំង​ប្រាំ​ពីរ​កម្រងពី​លើ​ក្បាល​របស់​គាត់​ចេញ។ ពេល​នោះ នាង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់ ហើយ​កម្លាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ។ នាង​ពោល​ឡើង​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» គាត់​ក៏​ភ្ញាក់​ពី​ដេក ហើយ​គិត​ថា៖ «អញ​នឹង​ចេញ​ទៅ​ទាំង​រលាស់​ខ្លួន ដូច​សព្វ​មួយ​ដង»។ ប៉ុន្តែ គាត់​មិន​ដឹងថា ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​គាត់​ទេ។