បន្ទាប់ពីនោះមក គាត់ស្រឡាញ់ស្ត្រីម្នាក់ ដែលរស់នៅច្រកភ្នំសូរេក នាងឈ្មោះដេលីឡា។ ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ ដូច្នេះ ដេលីឡាក៏ល្បួងសាំសុនថា៖ «សូមបងប្រាប់ខ្ញុំមក តើបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណា ធ្វើដូចម្ដេចឲ្យគេអាចបង្ក្រាបបងបាន?» សាំសុនឆ្លើយទៅនាងថា៖ «បើគេយកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។ នៅបន្ទប់ខាងក្នុង នាងបានឲ្យមនុស្សបង្កប់ខ្លួនចាំ។ ខណៈនោះ នាងស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ ប៉ុន្ដែ គាត់បណ្ដាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង។ ដូច្នេះ គេមិនដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។ ពេលនោះ ដេលីឡាពោលទៅកាន់សាំសុនថា៖ «មើល៍ បងបានបញ្ឆោតខ្ញុំ ហើយបាននិយាយកុហកខ្ញុំ។ សូមបងប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់តបទៅនាងថា៖ «បើគេយកពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។ ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ ដូច្នេះ កាលសាំសុនកំពុងដេកលក់ ដេលីឡាក៏យកសក់ទាំងប្រាំពីរកម្រងរបស់គាត់ ក្រងជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» ប៉ុន្ដែ គាត់ភ្ញាក់ពីដេក ទាញកន្ត្រាក់ត្រល់តម្បាញ កីតម្បាញ និងអំបោះអន្ទងចេញអស់។ ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។ កាលនាងចេះតែរំអុកគាត់ជាខ្លាំង ដោយពាក្យសម្ដីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តរបស់គាត់ព្រួយសឹងតែនឹងស្លាប់។ គាត់ក៏បញ្ចេញប្រាប់អស់ពីក្នុងចិត្តដល់នាងថា៖ «មិនដែលមានកាំបិតកោរសក់ក្បាលបងឡើយ ដ្បិតបងជាពួកណាសារីត ដល់ព្រះ តាំងតែពីផ្ទៃម្តាយមកម៉្លេះ ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងថយចេញពីបងទៅ ហើយបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀត»។ កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា៖ «សូមឡើងមកម្តងទៀត ដ្បិតគាត់បានប្រាប់ខ្ញុំអស់ពីក្នុងចិត្តរបស់គាត់ហើយ»។ ពេលនោះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងមកជួបនាង ទាំងយកប្រាក់មកជាមួយ។ នាងបានធ្វើឲ្យគាត់ដេកលក់នៅលើភ្លៅ រួចនាងហៅបុរសម្នាក់ មកកោរសក់ទាំងប្រាំពីរកម្រងពីលើក្បាលរបស់គាត់ចេញ។ ពេលនោះ នាងចាប់ផ្ដើមធ្វើឲ្យគាត់ឈឺចាប់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ។ នាងពោលឡើងថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» គាត់ក៏ភ្ញាក់ពីដេក ហើយគិតថា៖ «អញនឹងចេញទៅទាំងរលាស់ខ្លួន ដូចសព្វមួយដង»។ ប៉ុន្តែ គាត់មិនដឹងថា ព្រះយេហូវ៉ាបានថយចេញពីគាត់ទេ។
អាន ពួកចៅហ្វាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 16:4-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ