អេសាយ 51:1-8

អេសាយ 51:1-8 គកស១៦

ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​លុង​ជា​រណ្តៅ​ដែល​ជា​កន្លែង បាន​ជីក​យក​អ្នក​ឡើង​មក​នោះ ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ប្រុង​ស្តាប់​តាម​យើង ឱ​សាសន៍​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​យើង​ចុះ ដ្បិត​នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍។ ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។ ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។ អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន​ជាតិ​ដែល​មាន​ច្បាប់​របស់​យើង​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្ដាប់​តាម​យើង​ចុះ កុំ​ខ្លាច​សេចក្ដី​ត្មះ‌តិះ‌ដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ។ ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចោះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង មាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។

អាន អេសាយ 51