អេសាយ 41:13-20

អេសាយ 41:13-20 គកស១៦

ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។ មើល៍! យើង​បាន​យក​អ្នក​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ អ្នក​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម។ អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។ ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​យើង គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​តប​ឆ្លើយ​នឹង​គេ យើង​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ។ យើង​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្ដា​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។ ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារ‌ណា​យល់​ជា‌មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង»។

អាន អេសាយ 41