កាលយើងចង់ប្រោសអ៊ីស្រាអែលឲ្យជា នោះអំពើទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីភូតភរ ចោរចូលលួចនៅខាងក្នុង ហើយខាងក្រៅមានចោរប្លន់។ គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។ គេធ្វើឲ្យស្តេចសប្បាយចិត្តដោយអំពើអាក្រក់របស់ខ្លួន ក៏ធ្វើឲ្យពួកមេសប្បាយចិត្ត ដោយសេចក្ដីភូតភររបស់ខ្លួនដែរ។ គេសុទ្ធតែជាមនុស្សផិតក្បត់ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានបន្ថែមកម្ដៅ ចាប់ពីពេលច្របាច់ម្សៅ រហូតដល់ម្សៅដោរឡើង។ នៅថ្ងៃពិធីបុណ្យរបស់ស្តេចនៃយើង ពួកមេទៅជាឈឺដោយកម្ដៅរបស់ស្រា គេរួមគំនិតជាមួយពួកឡកឡឺយ។ ចិត្តរបស់គេប្រៀបដូចជាឡដែលឆេះដោយអំពើទុច្ចរិត ចិត្តកំរោលរបស់គេឆេះងំរហូតនៅពេលយប់ ហើយព្រលឹមឡើងក៏ឆាបឆេះធ្លោឡើង។ គេទាំងអស់គ្នាក្តៅដូចជាឡ ហើយគេបំផ្លាញពួកមេដឹកនាំរបស់ខ្លួន។ ស្តេចទាំងប៉ុន្មានរបស់គេបានដួលអស់ ក្នុងចំណោមពួកគេ គ្មានអ្នកណាអំពាវនាវរកយើងឡើយ។ អេប្រាអិមលាយខ្លួនជាមួយសាសន៍ដទៃ អេប្រាអិមជានំដែលគេមិនបានប្រែ។ ពួកមនុស្សដទៃបានបង្ហិនកម្លាំងរបស់គេ តែគេមិនដឹងខ្លួនទេ សក់គេស្កូវល្បាយនៅលើក្បាលទៅហើយ តែគេមិនដឹងខ្លួនទៀត។ អំនួតរបស់អ៊ីស្រាអែលធ្វើបន្ទាល់ទាស់នឹងគេ តែគេមិនបានវិលត្រឡប់មករកព្រះយេហូវ៉ា ជាព្រះរបស់គេទេ ទោះបីកើតមានដូច្នេះក៏ដោយ ក៏គេមិនបានស្វែងរកព្រះអង្គដែរ។ អេប្រាអិមប្រៀបដូចជាសត្វព្រាប ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត គេហៅរកសាសន៍អេស៊ីព្ទ រួចគេទៅពឹងស្រុកអាសស៊ើរ។ ពេលគេចេញទៅ យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា គេជួបប្រជុំគ្នា។ វេទនាដល់គេហើយ ដ្បិតគេបានងាកចេញពីយើង! អន្តរាយដល់គេហើយ ដ្បិតគេបានបះបោរប្រឆាំងនឹងយើង! ទោះបើយើងចង់លោះគេក៏ដោយ ក៏គេចេះតែនិយាយកុហកទាស់នឹងយើងដែរ។ គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។ ទោះបើយើងបានបង្ហាត់ ហើយចម្រើនកម្លាំងដៃគេក៏ដោយ ក៏គេនៅតែបង្កើតគម្រោងអាក្រក់ប្រឆាំងនឹងយើងដែរ។ គេវិលមកវិញ តែមិនមែនមករកព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់មិនត្រង់ ពួកមេរបស់គេនឹងដួលស្លាប់ដោយដាវ ព្រោះតែសម្ដីព្រហើននៃអណ្ដាតរបស់ខ្លួន។ ហេតុការណ៍នេះនឹងក្លាយជាទីមើលងាយ ដល់គេនៅស្រុកអេស៊ីព្ទ។
អាន ហូសេ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 7:1-16
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ