ហូសេ 5:1-12

ហូសេ 5:1-12 គកស១៦

ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។ ពួក​ក្បត់​បាន​ផុង​ជ្រៅ​ទៅក្នុងទី​សម្លាប់ តែ​យើង​នឹង​វាយ​ប្រដៅ​គេ​ទាំង​អស់​គ្នា។ យើង​ស្គាល់​អេប្រាអិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​យើង​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រាអិម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ គឺ​អ៊ីស្រា‌អែលសៅ​ហ្មង​ហើយ។ អំពើ​ដែល​គេ​ប្រព្រឹត្ត មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។ អំនួត​របស់​អ៊ីស្រា‌អែល ធ្វើ​បន្ទាល់​ទាស់​នឹង​គេ អេប្រាអិម នឹង​ជំពប់​ដួលក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​គេ​ដែរ។ គេ​នឹង​ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាំង​មាន​ហ្វូង​គោ ហ្វូង​ចៀម​ទៅ​ជា‌មួយ តែ​គេ​នឹង​រក​ព្រះ‌អង្គ​មិន​ឃើញ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថយ​ចេញ​ពី​គេ​ហើយ។ គេ​បាន​ក្បត់នឹងព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​ឥត​ខាន់​ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​នឹង​ស៊ី​បង្ហិន​គេ ព្រម​ទាំង​ស្រែ​ចម្ការ​របស់​គេ​ផង។ ចូរ​ផ្លុំ​ស្នែង​នៅ​គី‌បៀរ ហើយ​ផ្លុំ​ត្រែ​នៅ​រ៉ាម៉ា ចូរ​ប្រកាស​អាសន្ន​នៅ​បេត-អាវេន​ទៅ ឱ​បេនយ៉ាមីន​អើយ យើង​តាម​ពី​ក្រោយ​អ្នក​ហើយ! នៅ​ថ្ងៃ​ដាក់​ទោស អេប្រាអិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច‌បង់ នៅ​កណ្ដាល​កុល‌សម្ព័ន្ធ​នានា​របស់​អ៊ីស្រា‌អែល យើងប្រកាស​ប្រាប់​ពីដំណឹង​ដ៏​ពិត​ប្រាកដ។ ពួក​មេ​របស់​យូដា ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​ដក​បង្គោល​សីមា​ចោល យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​គេ ដូច​ជះ​ទឹក។ អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។ ដូច្នេះ យើង​នឹង​បាន​ដូច​ជា​ដង្កូវ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពូជ‌ពង្ស​យូដា។

អាន ហូសេ 5