ហាកាយ 1:1-11

ហាកាយ 1:1-11 គកស១៦

ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖ «ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ជន​ជាតិ​នេះ​គេ​ពោល​ថា វេលា​ដែល​នឹង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ"។ ដូច្នេះ ព្រះ‌បន្ទូល​នៃ​យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា "កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច‌បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ?" ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក​ពាក់ តែ​មិន​បាន​កក់​ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ"។ ព្រះ‌យេហូវ៉ា​បង្គាប់​ថា "ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​យើង​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ផង ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​អ្នក​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​យើង​បាន​ផ្លុំ​ផាត់​ទៅ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​យើង ដែល​នៅ​ខូច‌បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​អ្នក​រៀង​ខ្លួន​នោះ ហេតុ​ដូច្នេះ​បាន​ជា​មេឃ​មិន​ស្រក់​ទម្លាក់​សន្សើម​មក​លើ​អ្នក​ទៀត ហើយ​ផែនដី​មិន​បង្កើត​ផល​ទៀត​ឡើយ យើង​ក៏​បង្គាប់​ឲ្យ​មាន​អំណត់‌អត់​ភ្លៀង​នៅ​ក្នុង​ស្រុក ហើយ​នៅ​លើ​ភ្នំ ឲ្យ​ឥត​មាន​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ផល​ដែល​កើត​ពី​ដី​មក ក៏​មិន​ឲ្យ​ធ្លាក់​លើ​មនុស្ស លើ​សត្វ ឬ​លើការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ផង"»។

អាន ហាកាយ 1