លោកុ‌ប្បត្តិ 49:16-33

លោកុ‌ប្បត្តិ 49:16-33 គកស១៦

ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។ ដាន់​នឹង​ធ្វើ​ជា​ពស់​ដែល​លូន​តាម​ផ្លូវ ជា​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​ចឹក​កែង​ជើង​សេះ ធ្វើ​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ កាដ​នឹង​មាន​មួយ​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​ជើង​របស់​គេ​វិញ។ អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។ យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។ មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។ ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។ បេនយ៉ាមីន​ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នា»។ ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ នៅ​ស្រុក​កាណាន ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន​ជា​សាសន៍​ហេត ទុក​សម្រាប់​ជា​ទី​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។ ចម្ការ និង​ល្អាង​នោះ​គឺ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ»។ កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។