លោកុ‌ប្បត្តិ 49:1-33

លោកុ‌ប្បត្តិ 49:1-33 គកស១៦

បន្ទាប់​មក លោក​យ៉ាកុប​បាន​ហៅ​កូនៗ​របស់​លោក​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ដើម្បី​ពុក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​ឡើង ដល់​កូន​រាល់​គ្នា​នៅ​ថ្ងៃ​ខាង​មុខ។ ចូរ​ប្រជុំ​គ្នា​ស្តាប់ ឱ​ពួក​កូន​របស់​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា។ រូបេន កូន​ជា​កូន​ច្បង ជា​ឫទ្ធិ និង​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​ពុក កូន​មាន​កិត្តិ‌យស និង​មាន​ឥទ្ធិ‌ឫទ្ធិ​លើស​គេ។ កូន​ប្រៀប​ដូចជា​ទឹក​ដែល​រំពើក​ចុះ​ឡើង កូន​នឹង​មិន​អាច​ខ្ពង់​ខ្ពស់​បាន​ទេ ព្រោះ​កូន​បាន​ឡើង​ទៅ​លើ​គ្រែ​របស់​ពុក ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​របស់​ឪពុក​ទៅ​ជា​អាស្រូវ គឺ​កូន ឡើង​ទៅ​ដេក​ជា‌មួយ​ប្រពន្ធ​របស់​ពុក។ ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា ដាវ​របស់​គេ​ជា​សស្ត្រា‌វុធ​ដ៏​ឃោរ‌ឃៅ។ សូម​កុំ​ឲ្យ​ពុក​រួម​គំនិត​នឹង​គេ សូម​កុំ​ឲ្យ​ពុក​ចូល​ទៅ​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​ពេល​គេ​ខឹង គេ​សម្លាប់​មនុស្ស ហើយ​ពេល​គេ​ចង់​សប្បាយ គេ​ដើរ​កាត់​ជើង​គោ​លេង។ កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។ យូដា​អើយ បង‌ប្អូន​របស់​កូន​នឹង​សរសើរ​កូន ដៃ​របស់​កូន​នឹង​ចាប់​កញ្ចឹង​ក ខ្មាំង​សត្រូវ​របស់​កូន បង​ប្អូន​បង្កើត​របស់​កូន​នឹង​ឱន​គោរព​កូន។ យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ កូន​បាន​ឡើង​មក​ពី​ស៊ី​រំពា។ វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​ញី តើ​អ្នក​ណា​ហ៊ាន​ដាស់​វា? ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។ លោក​នឹង​ចង​លា​របស់​លោក ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​កូន​លា​របស់​លោក​ភ្ជាប់​នឹង​ដើម យ៉ាង​ល្អ​បំផុត លោក​នឹង​បោក​អាវ​របស់​លោក ក្នុង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​អាវ​វែង​ក្នុង​ស្រា​ក្រហម​ដូច​ឈាម។ ភ្នែក​របស់​លោក​ខ្មៅ​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ធ្មេញ​ស​ជាង​ទឹក​ដោះ។ សាប់‌យូ‌ឡូន​នឹង​នៅ​តាម​មាត់​សមុទ្រ វា​នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​វា នឹង​លាត​សន្ធឹង​ទៅ​ដល់​ស្រុក​ស៊ីដូន។ អ៊ីសា‌ខារ​ជា​សត្វ​លាដ៏​ខ្លាំង ដែល​ដេក​នៅ​ចន្លោះ​ក្រោល​ចៀម វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។ ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។ ដាន់​នឹង​ធ្វើ​ជា​ពស់​ដែល​លូន​តាម​ផ្លូវ ជា​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​ចឹក​កែង​ជើង​សេះ ធ្វើ​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ កាដ​នឹង​មាន​មួយ​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​ជើង​របស់​គេ​វិញ។ អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។ យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។ មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។ ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។ បេនយ៉ាមីន​ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នា»។ ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ នៅ​ស្រុក​កាណាន ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន​ជា​សាសន៍​ហេត ទុក​សម្រាប់​ជា​ទី​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។ ចម្ការ និង​ល្អាង​នោះ​គឺ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ»។ កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។