លោកុ‌ប្បត្តិ 32:22-30

លោកុ‌ប្បត្តិ 32:22-30 គកស១៦

នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ លោក​នាំ​អ្នក​ទាំង​នោះ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អ្វីៗ​ដែល​ជា​របស់​លោក​ឆ្លង​ទៅ​ដែរ។ លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជាមួយ​លោក​រហូត​ដល់​ភ្លឺ។ កាល​បុរស​នោះ​ឃើញ​ថា ពុំ​បាន​ឈ្នះ​លោក​យ៉ាកុប​ទេ នោះ​ក៏​វាយ​លោក​ត្រង់​សន្លាក់​ត្រគាក ហើយ​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប​ក៏​ថ្លស់​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។ បុរស​នោះ​ពោល​ថា៖ «ចូរ​លែង​ខ្ញុំ​ទៅ ដ្បិត​ភ្លឺ​ហើយ»។ ប៉ុន្ដែ លោក​យ៉ាកុបតប​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​លោក​ឲ្យ​ពរ​ខ្ញុំ​សិន»។ បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។ រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។ លោក​យ៉ាកុប​ក៏​សួរ​បុរស​នោះ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ តែ​បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​សួរ​ឈ្មោះ​យើង?» រួច​បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​នៅ​ទី​នោះ។ លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា "ព្នីអែល" ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជីវិត​រស់»។