លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។ លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។ អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?» លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។ ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។ ដូច្នេះ អ្នកបម្រើនោះក៏បានដាក់ដៃក្រោមភ្លៅលោកអ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថជូនលោកអំពីរឿងនេះ។ បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។ គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ គាត់អធិស្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងព្រះហឫទ័យសប្បុរសដល់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង។ មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។ កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។ នាងមានរូបសម្រស់ល្អណាស់ ជាស្ត្រីក្រមុំព្រហ្មចារី គ្មានប្រុសណាបានស្គាល់នាងឡើយ។ នាងចុះទៅក្នុងអណ្តូង ដងទឹកពេញក្អម រួចឡើងមកវិញ។ អ្នកបម្រើនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា៖ «សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច»។ នាងតបថា៖ «អញ្ជើញពិសា លោកម្ចាស់!»។ រួចនាងក៏ដាក់ក្អមចុះជាប្រញាប់ ហើយឲ្យទឹកគាត់ពិសា។ កាលនាងបានឲ្យគាត់ពិសាទឹករួចហើយ នាងក៏ពោលថា៖ «នាងខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកម្ចាស់ផឹកទាល់តែឆ្អែតដែរ»។ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកពីក្នុងក្អម ចុះទៅក្នុងស្នូក រួចរត់ទៅដងពីអណ្ដូងថែមទៀត យកមកឲ្យអូដ្ឋទាំងអស់របស់គាត់ផឹក។ បុរសនោះសម្លឹងមើលនាង ទាំងនឹកក្នុងចិត្តចង់ដឹងថា តើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើររបស់គាត់បានសម្រេចមែន ឬយ៉ាងណា។ កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង ហើយសួរថា៖ «តើនាងជាកូនចៅរបស់អ្នកណា? សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?» នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា»។ នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅជាបរិបូរ ហើយក៏មានកន្លែងស្នាក់នៅដែរ»។ បុរសនោះក៏ឱនក្បាលចុះ ហើយថ្វាយបង្គំព្រះយេហូវ៉ា ទាំងពោលថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំ ដែលព្រះអង្គមិនបានខាននឹងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំ បានប្រកបដោយព្រះពរ។ រីឯទូលបង្គំវិញ ក៏ព្រះយេហូវ៉ាបាននាំផ្លូវទូលបង្គំមកដល់ផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំដែរ»។ ពេលនោះ នាងក្រមុំក៏រត់ទៅប្រាប់ពួកផ្ទះម្តាយរបស់នាងអំពីហេតុការណ៍ទាំងនេះ។ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។ គាត់ឃើញក្រវិល និងកងដៃដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលនាងរេបិកាជាប្អូនបានរៀបរាប់ប្រាប់ថា៖ «អ្នកនោះហើយដែលបាននិយាយមកខ្ញុំ» នោះគាត់ក៏ចេញទៅជួបបុរសនោះ ហើយឃើញគាត់កំពុងឈរនៅក្បែរអូដ្ឋ ជិតអណ្តូងទឹក។ ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។ ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ចេញពីអូដ្ឋ រួចមានគេយកចំបើង និងស្មៅឲ្យអូដ្ឋស៊ី យកទឹកមកលាងជើងគាត់ ព្រមទាំងមនុស្សដែលមកជាមួយដែរ។
អាន លោកុប្បត្តិ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 24:1-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ