កាឡាទី 1:11-24

កាឡាទី 1:11-24 គកស១៦

បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឮ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​យូដា​កាល​ពី​ដើម​ហើយ​ថា ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះយ៉ាង​កាច​សាហាវ ហើយ​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។ ប៉ុន្តែ មិន​បាន​ឃើញ​សាវក​ផ្សេង​ទៀត​ទេ ឃើញ​តែ​លោក​យ៉ាកុប ជា​ប្អូន​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ។ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ទៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ហើយ​ក្រុម​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ គេ​គ្រាន់​តែ​ឮ​ពាក្យ​ថា «អ្នក​ដែល​ធ្លាប់​បៀត​បៀន​យើង​ពី​ដើម ឥឡូវ​នេះ កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​ជំនឿ ដែល​គាត់​បាន​ព្យាយាម​បំផ្លាញ​ពីមុន​នោះ​ទៅ​វិញ»។ គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ​ព្រោះ​តែ​ខ្ញុំ។

អាន កាឡាទី 1