កាឡាទី 1:1-17

កាឡាទី 1:1-17 គកស១៦

ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក​រាល់​គ្នា។ ព្រះ‌អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ព្រោះ​តែ​បាប​របស់​យើង ដើម្បី​រំដោះ​យើងឲ្យ​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌ល្អរបស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ។ អាម៉ែន។ ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង នេះ​មិន​មែន​មាន​ន័យ​ថា មាន​ដំណឹង​ល្អ​ណា​មួយ​ផ្សេង​ទៀតនោះ​ទេ តែ​មានអ្នក​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដូច​យើង​បាន​និយាយ​ពី​មុន​មក​ហើយ ឥឡូវ​នេះ ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ប្រសិន‌បើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល សូមឲ្យអ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឮ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​យូដា​កាល​ពី​ដើម​ហើយ​ថា ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះយ៉ាង​កាច​សាហាវ ហើយ​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។

អាន កាឡាទី 1