នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖ «ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។ ឯអស់អ្នកដែលសេសសល់ ទោះបីរស់នៅកន្លែងណាក៏ដោយ ត្រូវឲ្យប្រជាជននៅទីនោះជួយដល់ពួកគេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិមផង»។ ដូច្នេះ ពួកមេលើវង្សានុវង្សរបស់ឪពុកក្នុងពួកយូដា និងពួកបេនយ៉ាមីន ពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្ដាលចិត្ត ឲ្យឡើងទៅសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏នាំគ្នាក្រោកឡើង ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។ ឯព្រះបាទស៊ីរូសក៏បានបញ្ចេញគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីក្រុងយេរូសាឡិម មកដាក់នៅព្រះវិហាររបស់ព្រះនៃទ្រង់នោះ ប្រគល់មកវិញផងដែរ។ ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។ ឯចំនួននៃរបស់ទាំងនោះមាន ថាសមាសសាមសិប ថាសប្រាក់មួយពាន់ កាំបិត ម្ភៃប្រាំបួន ពែងមាសសាមសិប ពែងប្រាក់ថ្នាក់ទីពីរបួនរយដប់ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់។ សរុបគ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ទាំងអស់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក នៅពេលនាំពួកជាប់ជាឈ្លើយ ចេញពីក្រុងបាប៊ីឡូន ឡើងទៅកាន់ក្រុងយេរូសាឡិម។
អាន អែសរ៉ា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អែសរ៉ា 1:1-11
8 ថ្ងៃ
ប្រជាជនអ៊ីស្រាអែលដែលត្រឡប់ពីការជាប់ជាឈ្លើយបានសង់ព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិមឡើងវិញ ហើយអាចារ្យម្នាក់ឈ្មោះអែសរ៉ាបង្រៀនពួកគេពីរបៀបគោរពច្បាប់របស់ព្រះម្ដងទៀត។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអែសរ៉ា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ