និក្ខមនំ 6:1-9

និក្ខមនំ 6:1-9 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។ យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។ យើង​បាន​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សាសន៍​អេស៊ីព្ទ​ចាប់​ឲ្យ​ធ្វើ​ជា​ទាសករ ហើយ​យើង​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា​របស់​យើង។ ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។ យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ យើង​ជា​ព្រះ‌យេហូវ៉ា"»។ លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។

អាន និក្ខមនំ 6