និក្ខមនំ 32:1-25

និក្ខមនំ 32:1-25 គកស១៦

ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។ លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។ លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។ កាល​លោក​អើរ៉ុន​ឃើញ​ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ លុះ​ស្អែក​ឡើង ប្រជាជាន​ទាំង​អស់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​គេ​ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចុះ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​របស់​អ្នក ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយ ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។ ឥឡូវ​នេះ ទុក​ឲ្យ​យើង​ចុះ ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ឲ្យ​សាប​សូន្យ រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​នគរ​មួយ​ធំកើត​ចេញ​ពី​អ្នក​វិញ»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​ពោល​ថា "ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក‌គេ​នៅ​តាម​ភ្នំ ហើយ​បំផ្លាញ​គេ​ឲ្យ​អស់​ពី​ផែន‌ដី"ដូច្នេះ? សូម​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ព្រះ‌អង្គ​បាន​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អន្តរាយ​នោះ​ទៅ។ សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ី‌ស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា "យើង​នឹង​ចម្រើន​ពូជ​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​យើង​បាន​សន្យា​ថានឹង​ឲ្យ​ដល់​ពូជ​ពង្ស​របស់​អ្នក ហើយ​ពួក‌គេ​នឹង​ទទួល​ស្រុក​នោះ​ទុក​ជា​មត៌ក​‌រហូត​ត​ទៅ"»។ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អន្តរាយ​ចេញ​ទៅ។ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា ពីរ​ផ្ទាំង កាន់​ជាប់​នៅ​ដៃ បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ និង​ខាង​ខ្នង។ បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ ហើយ​អក្សរ​ដែលចែង​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ ជា​អក្សរ​ដែល​ព្រះ‌អង្គ​ចារ។ កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​ប្រជា‌ជន​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ គាត់​ក៏​ជម្រាប​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ជំរំ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «នេះ​មិន​មែន​ជា​សូរ​សម្រែករបស់​ពួក​ដែល​ឈ្នះ ឬ​សូរ​សម្រែក​របស់​ពួក​អ្នក​ដែល​ចាញ់​ទេ តែខ្ញុំ​ឮ​សូរ​សំឡេង​ច្រៀង​ទេ​តើ»។ កាល​លោកបាន​មក​ដល់​ជិត​ជំរំ ឃើញ​រូប​កូន​គោ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង លោក​ម៉ូសេ​កើត​មាន​កំហឹង​ជា​ខ្លាំង រួច​លោក​ក៏​បោះ​បន្ទះ​ថ្ម​ចេញ​ពី​ដៃ ហើយ​បោក​បំបែក​នៅ​ជើង​ភ្នំ។ លោក​យក​រូប​កូន​គោ​ដែល​ពួក‌គេ​បាន​ធ្វើ​ទៅ​ដុត​ក្នុង​ភ្លើង កិន​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ រួច​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ផឹក។ លោក​ម៉ូសេ​សួរលោក​អើរ៉ុន​ថា៖ «តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ដូច្នេះ?» លោក​អើរ៉ុន​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់កុំ​ខឹង​ក្តៅ​ឡើយ លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តែ​ខាង​ផ្លូវអាក្រក់។ ពួក‌គេនាំ​គ្នា​ប្រាប់​ខ្ញុំ​ថា "សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ ជា​អ្នក​ដែល​នាំ​បាន​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ"។ ខ្ញុំ​បាន​ប្រាប់​ពួក‌គេ​ថា "ដូច្នេះ អ្នក​ណា​ដែល​មាន​មាស ចូរ​ដោះ​យក​មក" គេ​ក៏​ប្រគល់​មក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បោះវាទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ​មក!»។ កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ)

អាន និក្ខមនំ 32