អ្នកណាដែលវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវស្លាប់។ ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។ ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ មានចេតនានឹងវាយសម្លាប់មនុស្សម្នាក់ទៀតដោយឧបាយកល ទោះបើអ្នកនោះរត់មកជ្រកនៅអាសនាយើងក៏ដោយ ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។ អ្នកណាដែលវាយឪពុក ឬម្តាយរបស់ខ្លួន អ្នកនោះនឹងត្រូវស្លាប់។ អ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ អ្នកនោះនឹងត្រូវស្លាប់។ អ្នកណាដែលប្រទេចផ្ដាសាដល់ឪពុក ឬម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់។ នៅពេលឈ្លោះគ្នា ហើយមានម្នាក់បានយកថ្មទៅគប់ម្នាក់ទៀត ឬដាល់តប់គេ តែមិនដល់ស្លាប់ទេ គ្រាន់តែឈឺដេកនៅគ្រែ រួចប្រសិនបើអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងជំងឺចិត្ត ព្រោះគេមិនអាចធ្វើការបាន ហើយត្រូវសងថ្លៃមើលជំងឺ រហូតទាល់តែអ្នកនោះជាសះស្បើយ។ ប្រសិនបើអ្នកណាវាយបាវបម្រើប្រុស ឬបាវបម្រើស្រីរបស់ខ្លួនដោយដំបង ហើយបាវបម្រើនោះស្លាប់នៅក្រោមដៃរបស់ខ្លួន ចៅហ្វាយនោះត្រូវតែទទួលទោស។ ប៉ុន្តែ បើបាវបម្រើនោះរស់នៅបានពីរថ្ងៃ ឬបីថ្ងៃ អ្នកនោះមិនត្រូវទទួលទោសទេ ដ្បិតបាវបម្រើនោះជាទ្រព្យរបស់គាត់។ ពេលមនុស្សឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាង អ្នកបង្កគ្រោះថ្នាក់នោះត្រូវទទួលទោស តាមបន្ទុកដែលប្តីរបស់នាងនឹងដាក់បន្ទុកលើអ្នកនោះ ហើយត្រូវសងតាមដែលចៅក្រមកំណត់ឲ្យ។ ប៉ុន្តែ ប្រសិនបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំ។ ពេលណាម្ចាស់វាយត្រូវភ្នែកបាវបម្រើប្រុស ឬស្រីរបស់ខ្លួន ហើយធ្វើឲ្យខ្វាក់ ត្រូវបើកឲ្យបាវបម្រើនោះចេញទៅទាំងរួចខ្លួន ដោយព្រោះតែភ្នែកខ្វាក់។ ប្រសិនបើម្ចាស់វាយបាវបម្រើប្រុស ឬស្រីរបស់ខ្លួនឲ្យបាក់ធ្មេញមួយ គាត់ត្រូវដោះលែងឲ្យគេចេញទៅទាំងរួចខ្លួន ដោយព្រោះតែធ្មេញបាក់នោះ។ ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវចោលសម្លាប់គោនោះនឹងដុំថ្ម ហើយមិនត្រូវបរិភោគសាច់វាឡើយ រីឯម្ចាស់គោនឹងមិនជាប់មានទោសទេ។ ប្រសិនបើគោនោះធ្លាប់តែជល់គេពីមុនមក ក៏មានគេបានប្រាប់ម្ចាស់វា តែម្ចាស់មិនបានបង្ខាំងវា ហើយវាទៅជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ គោនោះត្រូវចោលសម្លាប់នឹងដុំថ្ម ហើយម្ចាស់វាក៏ត្រូវស្លាប់ដែរ។ ប្រសិនបើគេចាប់ឲ្យសងថ្លៃជំនួសជីវិត នោះម្ចាស់ត្រូវសងគេតាមតម្លៃដែលគេបង្គាប់។ ប្រសិនបើគោជល់កូនប្រុស ឬកូនស្រីក្តី នោះក៏ត្រូវអនុវត្តតាមច្បាប់នេះដែរ។ ប្រសិនបើគោជល់បាវបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវសងប្រាក់សាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ រីឯគោត្រូវចោលសម្លាប់នឹងដុំថ្ម។ ប្រសិនបើអ្នកណាទុកអណ្តូងឲ្យនៅចំហ ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងអណ្ដូងនោះ ម្ចាស់អណ្តូងត្រូវសងប្រាក់ទៅម្ចាស់សត្វ តាមតម្លៃសត្វ រួចសត្វងាប់នោះនឹងបានមកម្ចាស់អណ្តូង។ ប្រសិនបើគោរបស់អ្នកណាម្នាក់ ជល់គោរបស់ម្នាក់ទៀតរហូតដល់ស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោងាប់ក៏ត្រូវចែកគ្នាដែរ។ ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់គេពីមុន ហើយម្ចាស់មិនបានបង្ខាំងវា នោះម្ចាស់គោត្រូវសងគោឲ្យធួននឹងគោ ហើយគោងាប់នោះនឹងបានមកខ្លួនវិញ។
អាន និក្ខមនំ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 21:12-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ