និក្ខមនំ 20:18-26

និក្ខមនំ 20:18-26 គកស១៦

ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ គេ​និយាយ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​យាង​មក​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ‌អង្គ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។ ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​សង់​អាស‌នា​ឲ្យ​យើង​អំពី​ថ្ម កុំ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​អ្នក​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ​ទៅ​ជា​របស់​ដែល​មិន​ស្អាត​ហើយ។ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ឡើង​ទៅ​អាស‌នា​ឡើយ ក្រែង​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។

អាន និក្ខមនំ 20