និក្ខមនំ 14:11-31

និក្ខមនំ 14:11-31 គកស១៦

គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ? តើ​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដោយ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ​ឬ? កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​ពួក​យើង​មិន​បាន​និយាយ​សេចក្ដី​នេះ​នឹង​លោក​ថា "កុំ​ឲ្យ​មក​រវី‌រវល់​នឹង​ពួក​យើង ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ​ចុះ" ដ្បិត​ដែល​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ នោះ​ប្រសើរ​ជាង​មក​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​បែប​នេះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។ ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។ យើង​នឹងធ្វើ​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង​ទទឹង ឲ្យ​គេ​ចូល​តាម​ក្រោយ​អ្នក​រាល់​គ្នា ដូច្នេះ យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន កង​ទ័ព​របស់​ស្ដេច​ទាំង​អស់ រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច​ផង។ ពេល​នោះ សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា នៅ​ពេល​យើង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច»។ ពេល​នោះ ទេវតា​របស់​ព្រះ​ដែល​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ពួក‌គេ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ពួកគេ ទៅ​នៅ​ខាង​ក្រោយ​ដែរ។ ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង​ទ័ព​អេស៊ីព្ទ និង​កង​ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ម្ខាង​ងងឹត ហើយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់ ធ្វើ​ឲ្យ​កងទ័ព​ទាំង​ពីរ​មិន​បាន​មក​ជិត​គ្នា​ឡើយ នៅ​ពេញ​មួយ​យប់។ លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កម្លាំង​ខ្យល់​ពី​ទិស​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​សមុទ្រ​ទៅជា​ដី​គោក ហើយទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ កូន​ចៅ​អ៊ីស្រា‌អែលនាំ​គ្នា​ចូល​ទៅ​កណ្ដាល​សមុទ្រ តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។ ពួក​អេស៊ីព្ទ​ដេញ​តាម​ពីក្រោយ ហើយ​ចូល​ទៅ​កណ្ដាល​សមុទ្រ មាន​ទាំង​សេះ​របស់​ផារ៉ោន រទេះ​ចម្បាំង និង​ពល​សេះ​របស់​ស្ដេច​ទាំង​អស់។ នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​សមុទ្រ ដើម្បី​ឲ្យ​ទឹក​បាន​វិល​មក​គ្រប​លើ​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ និង​ពួក​ពល​សេះ​របស់​ពួក‌គេ»។ នោះ​លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​នៅ​ពេល​ព្រឹក ទឹក​ក៏​ហូរ​ប្រសព្វ ចូល​ទៅ​នៅ​កន្លែង​ធម្មតា​វិញ។ ពេល​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ព្រះ‌យេហូវ៉ា​ក៏​ពន្លិច​គេ​នៅ​កណ្ដាល​សមុទ្រ​អស់​ទៅ។ ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ និង​ពួក​ពល​សេះ ហើយកង​‌ទ័ព​របស់​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​ពី​ក្រោយ​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​រួច​អ្នក​ណា​ម្នាក់​ឡើយ។ ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។ ដូច្នេះ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ខ្មោច​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ការ​យ៉ាង​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​សាសន៍​អេស៊ីព្ទ ហើយ​បណ្ដា‌ជន​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក‌គេ​ជឿ​ដល់​ព្រះ‌យេហូវ៉ា និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

អាន និក្ខមនំ 14