នាង​អេសធើរ 9:20-32

នាង​អេសធើរ 9:20-32 គកស១៦

ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។ ដូច្នេះ ពួក​សាសន៍​យូដា​ក៏​បាន​ប្រារព្ធ​ធ្វើ តាមពិធី​ដែល​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​មកហើយ តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ពួក‌គេ។ ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពួក​សាសន៍​យូដា បាន​បង្កើត​ឧបាយ​ទាស់​នឹង​ពួក​សាសន៍​យូដា ដើម្បី​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​ចាប់​ឆ្នោត ដើម្បី​កម្ទេច ហើយ​បំផ្លាញ​ពួក‌គេ។ ប៉ុន្ដែ កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច ស្ដេច​បាន​ក៏​ចេញ​បញ្ជា​ដោយ​លាយ​លក្ខណ៍​អក្សរ ដើម្បី​ឲ្យ​គម្រោង​ការ​ដ៏​អា‌ក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​សាសន៍​យូដា វិល​ជះ​ទៅ​លើ​ក្បាល​របស់​ខ្លួន​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​កូន​ប្រុសៗ​របស់​វា​ទាំង​អស់ នៅ​លើ​បង្គោល។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​ពីរ​នោះថា «បុណ្យ​ពួរីម» តាម​ពាក្យ «ពោរ» នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចែង​ក្នុង​សំបុត្រ​នោះ និង​ដោយ​ហេតុ‌ការណ៍​ដែល​គេ​ប្រឈម​មុខ​ក្នុង​រឿង​នោះ ព្រម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ដល់​ពួក‌គេ ពួក​សាសន៍​យូដា​ក៏ទ​ទួល​យក​ព្រឹត្តិ‌ការណ៍​នោះ ទុក​ជា​ទំនៀម​ទម្លាប់​សម្រាប់​ខ្លួន​គេ ហើយ​ក៏​ទទួល​ថា ខ្លួន​គេ កូន​ចៅរបស់គេ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​របស់​គេ នឹង​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រៀង​រាល់​ឆ្នាំ ឥតខក​ខាន​ឡើយ ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ នៅ​គ្រប់​ជំនាន់ គ្រប់​ពូជ​អំបូរ នៅ​តាម​ខេត្ត និង​តាម​ទី​ក្រុង​រហូត​ត​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ក៏​មិន​ឲ្យ​កូន​ចៅ​របស់​គេ​ឈប់​នឹកនា​ពី​ថ្ងៃ​ទាំង​នោះ​ដែរ។ គ្រា​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា បាន​សរសេរ​សំបុត្រ​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​សំបុត្រ​ទីពីរ អំ​ពី​បុណ្យ​ពួរីម។ លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ ក្នុង​នគរ​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដោយ​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​ស្រគត់​ស្រគំ ហើយ​ឲ្យ​ប្រារព្ធ​ថ្ងៃ​បុណ្យ​ពួរីម តាម​វេលា​កំណត់ ដូច​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា និង​ព្រះ​នាង​អេសធើរ​ជា​អគ្គ‌មហេសី​បាន​តម្រូវ​ដល់​គេ ដូច​ជា​គេ​បាន​តម្រូវ​សម្រាប់​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ ខាង​ឯ​ដំណើរ​តម​អាហារ និង​ការ​កាន់​ទុក្ខ​របស់​គេ​ដែរ។ រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ បាន​បញ្ជាក់​អំ‌ពី​ពិ‌ធី​ប្រារព្ធ​បុណ្យ​ពួរីម ហើយ​រាជ​បញ្ជា​នោះ​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ។