នាងអេសធើរ 9:1-19
នាងអេសធើរ 9:1-19 គកស១៦
លុះដល់ខែទីដប់ពីរ ដែលជាខែផល្គុន នៅថ្ងៃទីដប់បីនោះ កាលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចហៀបនឹងត្រូវបានគេអនុវត្ត នៅថ្ងៃដដែលនោះឯង កាលខ្មាំងសត្រូវរបស់សាសន៍យូដា សង្ឃឹមថានឹងមានអំណាចលើពួកគេ នោះស្ថានភាពក៏បានផ្លាស់ប្ដូរ គឺពួកសាសន៍យូដាបានត្រឡប់ជាមានអំណាចលើអស់អ្នកដែលស្អប់គេនោះវិញ។ ពួកសាសន៍យូដាបានប្រមូលផ្ដុំគ្នានៅតាមទីក្រុងរបស់ខ្លួន នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ដើម្បីតយុទ្ធប្រឆាំងនឹងអស់អ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ ហើយគ្មានអ្នកណាអាចឈរទាស់នឹងពួកគេបានឡើយ ដ្បិតសាសន៍ទាំងអស់ភ័យខ្លាចពួកសាសន៍យូដាគ្រប់ៗគ្នា។ ពួកមន្ត្រីនៅតាមអាណាខេត្ត ពួកនាយក ពួកទេសាភិបាល និងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកសាសន៍យូដាដែរ ដ្បិតគេភ័យខ្លាចដល់ម៉ាដេកាយ។ ដ្បិតម៉ាដេកាយបានឡើងជាអ្នកធំក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកល្បីខ្ចរខ្ចាយពាសពេញអាណាខេត្តទាំងអស់ ហើយម៉ាដេកាយនេះ កាន់តែមានអំណាចឡើងៗ។ ដូច្នេះ ពួកសាសន៍យូដាបានប្រហារខ្មាំងសត្រូវដោយដាវ ដោយសម្លាប់ និងបំផ្លាញពួកគេ ហើយបានប្រព្រឹត្តតាមអំពើចិត្ត ចំពោះអស់អ្នកដែលស្អប់ខ្លួន។ នៅស៊ូសាន ជាក្រុងហ្លួង ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់។ ពួកគេក៏បានសម្លាប់ផើសានដាថា ដាលផូន អ័សផាថា ផូរ៉ាថា អ័ដាលា អើរីដាថា ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា ជាកូនទាំងដប់របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ នៅថ្ងៃដដែលនោះ ចំនួនអស់អ្នកដែលគេបានសម្លាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង ក៏បានឮដល់ស្ដេច។ ស្ដេចមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរ ជាអគ្គមហេសីថា៖ «ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនប្រុសរបស់ហាម៉ានទាំងដប់នាក់ទៀតផង។ ដូច្នេះ នៅតាមអាណាខេត្តឯទៀតរបស់ស្ដេច តើគេបានប្រព្រឹត្តយ៉ាងណាទៅ! ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វីថែមទៀត? យើងនឹងសម្រេចឲ្យ»។ ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមបើកឲ្យពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមរាជក្រឹត្យដូចថ្ងៃនេះដែរ ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំងដប់នាក់លើបង្គោលនោះផង»។ ស្ដេចក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន រួចគេបានព្យួរខ្មោចកូនប្រុសទាំងដប់របស់ហាម៉ាននោះទៅ។ ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏ប្រមូលផ្ដុំគ្នា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេសម្លាប់មនុស្សបីរយនាក់ទៀត នៅក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ ឯពួកសាសន៍យូដាឯទៀតៗ ដែលនៅតាមអាណាខេត្តរបស់ស្ដេច ក៏បានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតខ្លួនដែរ ហើយគេបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ គេបានសម្លាប់អស់អ្នកដែលស្អប់គេ អស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ គេបានធ្វើការនោះនៅថ្ងៃទីដប់បី ខែផល្គុន ហើយនៅថ្ងៃទីដប់បួន គេឈប់សម្រាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។ ប៉ុន្ដែ ពួកសាសន៍យូដាដែលនៅក្រុងស៊ូសាន បានប្រមូលផ្ដុំគ្នានៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន ហើយសម្រាកនៅថ្ងៃទីដប់ប្រាំ ដោយតាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។ ហេតុនេះហើយបានជាពួកសាសន៍យូដា ដែលរស់នៅតាមជនបទ ខាងក្រៅទីក្រុង គេនាំគ្នាកាន់ថ្ងៃទីដប់បួន ក្នុងខែផល្គុន ជាថ្ងៃសប្បាយរីករាយ ហើយជប់លៀង និងជាថ្ងៃមួយដែលគេជូនជំនូនដល់គ្នាទៅវិញទៅមក។

