នាង​អេសធើរ 5:1-8

នាង​អេសធើរ 5:1-8 គកស១៦

លុះ​ដល់​ថ្ងៃ​ទីបី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​ជា​អគ្គ​មហេសី ចូល​ទៅ​ឈរ​ក្នុង​រាជ​រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​របស់​ស្ដេច ឯ​ស្ដេច​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ទល់​មុខ​នឹង​ផ្លូវ​ចូល​‌រាជ​ដំណាក់។ កាល​ស្ដេច​ទត​ឃើញ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​រាជ‌រោង​ដូច្នេះ ទ្រង់​ក៏​ប្រោស​មេត្តា​ដល់​ព្រះ‌នាង ហើយ​ហុច​‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត​ថ្វាយ​ព្រះ‌នាង រួច​ព្រះ‌នាងក៏​យាង​ចូល​ទៅ​ពាល់​ចុង​ដំបង​នោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ»។ ដូច្នេះ ស្ដេច​ក៏​បង្គាប់​គេ​ថា៖ «ចូរ​ទៅ​ហៅ​ហាម៉ាន​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​សម្រេច​តាម​បំណង​ព្រះ‌នាង​អេសធើរ»។ ដូច្នេះ ស្តេច និង​ហាម៉ាន​ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេសធើរ​បាន​រៀបចំ​ថ្វាយ។ កាល​កំពុង​សោយ​ស្រា ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ព្រះ​នាង​អេសធើរ​ថា៖ «តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​ឲ្យទាំង​អស់ តើ​ព្រះ​នាង​មាន​សំណូម​អ្វី? ទោះ​បីជា​នគរ​មួយ​ចំហៀង​របស់​យើង​ក៏​ដោយ ក៏​យើង​សម្រេច​ឲ្យ​ដែរ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «សំណូម​របស់​ខ្ញុំ​ម្ចាស់ និង​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​គឺ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។