នាង​អេសធើរ 1:4-22

នាង​អេសធើរ 1:4-22 គកស១៦

ឯស្ដេច​ទ្រង់​បង្ហាញ​អស់​ទាំង​រាជ​សម្បត្តិ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ និង​កិត្តិ‌យស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ គឺ​អស់​មួយ​រយ​ប៉ែត​សិប​ថ្ងៃ។ កាល​ផុត​ថ្ងៃ​ទាំង​នេះ​ហើយ ស្ដេច​ជប់‌លៀង​ដល់​ប្រជា‌ជន​ទាំង​អស់ ទាំង​ធំ​ទាំង​តូច ដែល​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង អស់​ប្រាំពីរ​ថ្ងៃ នៅ​ក្នុង​ទី‌ធ្លា​ឧទ្យាន​នៃ​ដំណាក់​របស់​ស្ដេច។ គេ​ចង​សំពត់​ពណ៌​ស ពណ៌​បៃតង និងពណ៌​ខៀវ ដោយ​ខ្សែ​ខ្លូត​ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កម្រាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង និង​ខ្មៅ។ គេ​បម្រើ​ភេសជ្ជៈ​នៅ​ក្នុង​ពែង​មាស ជា​ពែង​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ហ្លួង​ជា​បរិបូរ តាម​សណ្ឋាន​ស្តេច។ តាមព្រះ​រាជ​បញ្ជា​របស់​ស្ដេច ការ​ពិសា​ស្រា​ឥត​មាន​ដាក់​កំហិត​ឡើយ ដ្បិត​ស្ដេច​បាន​បង្គាប់​ឲ្យ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​របស់ទ្រង់ បម្រើ​ជូន​ភ្ញៀវ​នីមួយៗ តាម​តែ​ភ្ញៀវ​ចង់​បាន។ ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្ត្រី នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ដែរ។ នៅ​ថ្ងៃ​ទីប្រាំពីរ កាល​ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​សប្បាយ​ដោយ​ស្រា ស្ដេចក៏​បង្គាប់​មហ៊ូ‌ម៉ាន ប៊ីសថា ហា‌បូណា ប៊ីកថា អ័‌បាកថា សេថារ និង​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ ដែល​បម្រើ​នៅ​ចំពោះ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ឲ្យ​ទៅ​យាង​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី​មក​នៅ​ចំពោះ​ទ្រង់ ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​នឹង​បង្ហាញ​រូប​ឆោម​ឲ្យ​ប្រជា‌ជន និង​ពួក​មន្ត្រី​ឃើញ ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​គួរ​គយ​គន់។ ប៉ុន្ដែ ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​យាង​មក​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​នោះ​ទេ។ ពេល​នោះ ស្ដេច​ទ្រង់​ក្រេវ‌ក្រោធ ហើយ​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។ ដូច្នេះ ស្ដេច​ក៏មានរាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​កាល (ដ្បិត​នេះ​ជា​ទម្លាប់​របស់​ស្ដេច ដែល​តែង​តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ និង​សេចក្ដី​វិនិច្ឆ័យ ហើយ​អ្នក​ដែល​នៅ​ជិត​ដិតនឹង​ស្ដេច​មាន កើ‌សេណា សេថារ អ័ឌ‌ម៉ាថា តើស៊ី មេរេស ម៉ា‌សេណា និង​មមូ‌កាន ជា​មន្ត្រី​ទាំង​ប្រាំពីរ​រូប​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​ជា​អ្នក​លេខ​មួយ​ក្នុង​នគរ)។ ស្ដេច​សួរ​ថា៖ «តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បានទូល​ថ្វាយ​ដូច្នេះ?» ពេល​នោះ មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​ស្តេច និង​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​ថា៖ «ព្រះនាង​វ៉ាសធី ជា​អគ្គ‌មហេសី​បាន​ធ្វើ​ខុស មិន​មែន​ត្រឹម​តែ​ចំពោះ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​អស់​ទាំង​ពួក​មន្ត្រី ដល់​អស់​ទាំង​ប្រជាជន ដែល​នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា​អ័ហាស៊ូរុស​ទៀត​ផង។ ដ្បិត​ការប្រព្រឹត្ត​របស់​អគ្គ‌មហេសី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់ ហើយ​បណ្ដាល​ឲ្យ​គេ​មើល​ងាយ​ប្តី​របស់​ខ្លួន ព្រោះ​ពួក‌គេ​នឹង​ពោល​ថា "ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​យាង​មក​ទេ"។ នៅ​ថ្ងៃ​នេះ ពួក​ជំទាវ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​ពី​ទង្វើ​របស់​អគ្គ‌មហេសី ពួក‌គេ​នឹង​ប្រកែក​ចំពោះ​ប្តី​របស់​ខ្លួន ដែល​ជា​មន្ត្រី​របស់​ព្រះ‌ករុណា​ដូច្នោះ​ដែរ ហើយ​នឹង​កើត​មាន​សេចក្ដី​មើល​ងាយ និង​កំហឹង​ជា​ច្រើន។ ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន​ឡើយ គឺ​កុំ​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​រហូតត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​តំណែង​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត ដែល​វិសេស​ជាង​ព្រះ​នាង។ ដូច្នេះ កាល​ណា​សេចក្ដី​សម្រេច​របស់​ព្រះ​រាជា​បាន​ប្រកាស​ពាស​ពេញ​នគរ​របស់​ទ្រង់ (ដ្បិត​នគរ​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ប្តី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ រហូត​ដល់​អ្នក​តូច»។ យោបល់​នេះ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ស្តេច និង​ពេញ​ចិត្ត​ដល់​ពួក​មន្ត្រី​ណាស់ ហើយ​ស្ដេច​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូ‌កាន។ ស្ដេច​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់ គឺ​ទៅ​កាន់​អាណា​ខេត្ត​នីមួយៗ តាម​អក្សរ​សាស្ត្រ​ជាតិ​របស់​គេ ហើយ​ទៅ​កាន់​សាសន៍​នីមួយៗ តាម​ភាសា​របស់​គេ ដោយ​ប្រកាស​ឲ្យ​បុរសៗ​ទាំង​អស់ ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​ត្រូវ​និយាយ​តាម​ភាសា​កំណើត​របស់​ប្ដី។