សាស្តា 7:15-29

សាស្តា 7:15-29 គកស១៦

ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស​លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី? ម្យ៉ាង​ទៀត កុំ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី? ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​មួយ​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​មួយ​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។ ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​សោះ​នោះ​ទេ។ មួយ​ទៀត កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បម្រើ​និយាយ​អាក្រក់​ពី​ឯង។ ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។ ខ្ញុំ​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ ខ្ញុំ​បាន​សម្រេច​ថា ខ្ញុំ​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ ប្រាជ្ញា​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន? ខ្ញុំ​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចម្កួត​ផង។ ខ្ញុំ​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត ជា​អន្ទាក់ ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ។ គ្រូ​ប្រដៅ មាន​ប្រសាសន៍​ថា សេចក្ដី​នោះ ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​ម្ដង​មួយៗ​ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ។ ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​ខ្ញុំ​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​រក​ស្រី​ពិត​តែ​មួយ​ក៏​មិន​បាន​ផង។ មើល​ខ្ញុំ​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ គេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។

អាន សាស្តា 7