ឯស្រុកដែលអ្នករាល់គ្នានឹងឆ្លងកាន់កាប់នេះ ជាស្រុកមានភ្នំ មានជ្រលងភ្នំ ហើយក៏ស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់ថែរក្សា។ ព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺឲ្យស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយគោរពប្រតិបត្តិដល់ព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក នោះព្រះអង្គ នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុករបស់អ្នករាល់គ្នាតាមរដូវកាល គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដើម្បីឲ្យអ្នករាល់គ្នាអាចប្រមូលផលស្រូវ ផ្លែទំពាំងបាយជូរ និងប្រេង ព្រះអង្គនឹងប្រទានឲ្យមានស្មៅនៅទីវាល សម្រាប់ហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏នឹងបរិភោគឆ្អែតស្កប់ស្កល់។ ចូរប្រយ័ត្នចុះ ក្រែងចិត្តអ្នករាល់គ្នាត្រូវសេចក្ដីល្បួង រួចបែរចេញទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ហើយដីលែងបង្កើតផល នោះអ្នករាល់គ្នានឹងត្រូវវិនាសបាត់យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកអ្នករាល់គ្នា។ ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យរបស់ខ្ញុំទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងរបស់អ្នករាល់គ្នាចុះ ហើយត្រូវចងពាក្យទាំងនេះភ្ជាប់នៅដៃរបស់អ្នក ទុកជាទីសម្គាល់ និងសម្រាប់ជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។ ត្រូវកត់សេចក្ដីទាំងនេះនៅក្របទ្វារផ្ទះ និងនៅទ្វារក្រុងរបស់អ្នក ។ ដើម្បីឲ្យអាយុរបស់អ្នក និងអាយុកូនចៅរបស់អ្នកបានចម្រើនវែងឡើង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នក ដូចជាផ្ទៃមេឃនៅលើផែនដី។ ដ្បិតបើអ្នករាល់គ្នាប្រយ័ត្ននឹងកាន់តាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ នោះព្រះយេហូវ៉ានឹងបណ្តេញសាសន៍ទាំងអស់នេះ ចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុករបស់សាសន៍ដែលធំ ហើយខ្លាំងពូកែជាងអ្នក គ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាដាក់បាតជើងជាន់ នោះនឹងបានជារបស់អ្នក។ ដែនដីរបស់អ្នកនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន និងពីទន្លេ គឺទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច។ គ្មានអ្នកណាម្នាក់នឹងអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្ដាលឲ្យស្រុកទាំងមូលដែលអ្នករាល់គ្នាដាក់ជើងជាន់ ភិតភ័យ ហើយខ្លាចអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។ មើល៍ នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះនឹងបានពរ តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសព្រះពរពីលើភ្នំកេរិស៊ីម និងបណ្ដាសាពីលើភ្នំអេបាល។ អ្នករាល់គ្នាស្គាល់ស្រាប់ហើយ ភ្នំទាំងពីរនោះស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ ទៅទិសខាងលិច ក្នុងស្រុករបស់ពួកសាសន៍កាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល ជិតដើមម៉ៃសាក់នៅម៉ូរេ។ ដ្បិតអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាចាប់យក ហើយរស់នៅក្នុងស្រុកនោះ អ្នករាល់គ្នាត្រូវប្រយ័ត្ននឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ»។
អាន ចោទិយកថា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 11:11-32
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ