ដានី‌យ៉ែល 1:1-8

ដានី‌យ៉ែល 1:1-8 គកស១៦

នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។ ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។ ពេល​នោះ ស្ដេច​បាន​បញ្ជា​អាស‌ផ្នាស ជាចៅ​ហ្វាយ​លើ​ពួក​មហា​តលិក​របស់​ទ្រង់ ឲ្យ​នាំ​អ្នក​ដែល​ជាប់​ពូជ​ពង្ស​ស្តេច និង​អ្នក​ដែល​មាន​ត្រកូល​អភិជន ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​ខ្លះ​ចូល​មក គឺជា​យុវជន​ដែល​មាន​រូប​កាយ​ឥត​ខ្ចោះ មាន​រូប​សម្បត្តិ​ល្អ ហើយ​ប៉ិន​ប្រសប់​ខាង​ឯ​ប្រាជ្ញា​គ្រប់​យ៉ាង មាន​ចំណេះ​ដឹង​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​តម្រិះ អាច​បម្រើ​ក្នុង​ដំណាក់​របស់​ស្តេច​បាន ហើយ​ឲ្យ​បង្រៀន​អក្សរ​សាស្ត្រ និង​ភាសា​របស់​សាសន៍​ខាល់ដេ ដល់​អ្នក​ទាំង​នោះ។ ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា មក​ពី​កុល‌សម្ព័ន្ធ​យូដា។ ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។ ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។

អាន ដានី‌យ៉ែល 1