អេម៉ុស 3:1-7
អេម៉ុស 3:1-7 គកស១៦
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ បើមនុស្សពីរនាក់មិនព្រមព្រៀងជួបគ្នា តើគេដើរជាមួយគ្នាបានឬ? តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ? កាលបើគ្មាននុយបញ្ឆោត តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ? បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ? តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ? ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។


