កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។ នៅថ្ងៃបន្ទាប់ យើងបានចូលទៅចតនៅក្រុងស៊ីដូន។ លោកយូលាសបានព្រឹត្តចំពោះលោកប៉ុលដោយសប្បុរស ហើយអនុញ្ញាតឲ្យលោកចេញទៅជួបមិត្តសម្លាញ់ និងទទួលអ្វីដែលគេជួយឧបត្ថម្ភលោក។ បន្ទាប់មក យើងបានចេញសំពៅពីទីនោះ សសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ កាលយើងបានឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ យើងបានមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។ យើងធ្វើដំណើរសន្សឹមៗអស់ជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដុសទាំងពិបាក។ ដោយខ្យល់ខ្លាំងមិនអាចទៅមុខបាន យើងក៏បើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន។ ក្រោយពីបានធ្វើដំណើរតាមបណ្ដោយកោះនោះដោយពិបាក យើងបានមកដល់កន្លែងមួយហៅថា ទ្វារសមុទ្រលម្អ ដែលនៅជិតក្រុងឡាសេ។ លុះបានកន្លងមកជាយូរថ្ងៃ ហើយដំណើរសំពៅស្ថិតក្នុងសភាពគ្រោះថ្នាក់ ព្រោះពិធីបុណ្យតមបានកន្លងផុតទៅហើយ លោកប៉ុលទូន្មានគេថា៖ «បងប្អូនអើយ ខ្ញុំយល់ឃើញថា ដំណើរទៅមុខនឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតយើងទៀតផង»។ ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។ ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។
អាន កិច្ចការ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 27:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ