កិច្ចការ 2:1-18

កិច្ចការ 2:1-18 គកស១៦

កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នានៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។ មាន​ដូច​ជា​អណ្តាត​ភ្លើង​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា។ គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា ដោយ​ឆ្ងល់​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ដែល​និយាយ​នេះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​ឬ? ចុះ​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ? គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍ សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​វិល‌វល់​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្តេច?» ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។ ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា "ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។ នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។

អាន កិច្ចការ 2

វីដេអូសម្រាប់ កិច្ចការ 2:1-18