កិច្ចការ 15:1-12

កិច្ចការ 15:1-12 គកស១៦

ប៉ុន្ដែ មាន​អ្នក​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ពួក​បង‌ប្អូន​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តាម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ អ្នក​រាល់​គ្នា​មិន​អាច​បាន​សង្គ្រោះ​ឡើយ»។ ក្រោយ​ពី​លោក​ប៉ុល និង​លោក​បា‌ណា‌បាស បាន​ប្រកែក​ជំទាស់​ជាមួយ​ពួក​គេយ៉ាង​ខ្លាំង​មក ក្រុម​ជំនុំ​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល លោក​បា‌ណា‌បាស និងបង‌ប្អូន​ខ្លះ​ទៀត ឡើង​ទៅ​ជម្រាប​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិម អំពី​រឿង​នេះ។ ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។ ពេល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ ក្រុម​ជំនុំ ពួក​សាវក និង​ពួក​ចាស់​ទុំ​នាំគ្នា​ស្វាគមន៍​ទទួល​ពួក​លោក ហើយ​ពួក​លោក​ក៏​បាន​ប្រកាស​ពី​គ្រប់​ទាំង​ការ ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួក​លោក។ ប៉ុន្ដែ មាន​ពួក​អ្នក​ខ្លះ​ក្នុង​ពួក​ផារិ‌ស៊ីដែល​បាន​ជឿ ក្រោក​ឡើង​ពោល​ថា៖ «ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រិត‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ»។ ពួក​សាវក និង​ពួក​ចាស់​ទុំ ក៏ជួប​ជុំ​គ្នា​ដើម្បី​ពិចារណា​រឿង​នេះ។ ក្រោយ​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​មក លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ថ្ងៃ​ដំបូង ព្រះ​បាន​រើស​ខ្ញុំ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​បាន​ជឿ។ ព្រះ​ដែល​ជ្រាប​ចិត្ត​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​យើង​ដែរ ព្រះ‌អង្គ​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​ស្អាត​ដោយ​សារ​ជំនឿ។ ដូច្នេះ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សាក​ល្បង​ព្រះ ដោយ​ដាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ? សូម្បី​តែ​បុព្វ‌បុរស​របស់​យើង ឬ​យើង​ផ្ទាល់​ក៏​ពុំ​អាច​នឹង​ទ្រាំ‌ទ្រ​បាន​ផង ប៉ុន្ដែ យើង​ជឿ​ថា យើង​បាន​សង្គ្រោះ តាម​រយៈ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដូច​ជា​គេ​ដែរ»។ ពេល​នោះ អង្គ​ប្រជុំ​ទាំងមូល​នៅ​ស្ងៀម ហើយ​ស្តាប់​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ពេល​ពួក​លោក​រៀប​រាប់​អំ‌ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ពួក​លោក។

អាន កិច្ចការ 15